ការលក់ដូរ នៅរដ្ឋកាលីហ្វ័រញ៉ា (Making Sales in California)

សេចក្តីណែនាំឲ្យស្គាល់ គណៈទីប្រឹក្សារដ្ឋនៃការស្មើភាព

The California State Board of Equalization (BOE-គណៈទីប្រឹក្សារដ្ឋនៃការស្មើភាពគ្នា) នៃរដ្ឋកាលីហ្វ័រញ៉ា សូមស្វាគមន៍លោកអ្នក និងមុខជំនួញថ្មីរបស់លោកអ្នក ។ រដ្ឋរបស់យើងខ្ញុំ មានប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ អំពីសហគ្រិន និងសហគ្រាសពាណិជ្ជកម្មដែលមានភាពរីកចំរើន ហើយយើងខ្ញុំ សូមជូនពរលោកអ្នកឲ្យមាន ភាពជោគជ័យ ដូចអ្នកទាំងអស់នោះដែរ ។ នេះ គឺជាការរៀបរាប់ជូនលោកអ្នក ដោយសង្ខេប អំពីតម្រូវការ ផ្នែកច្បាប់ ទាក់ទិនដល់អ្នកគ្រប់គ្នា ដែលធ្វើការលក់ដូរ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ សូមលោកអ្នក មេត្តាកត់ចំណាំថា ច្បាប់ពាណិជ្ជកម្ម និងច្បាប់ពន្ធដា របស់រដ្ឋ កាលីហ្វ័រញ៉ា មានភាពស្មុគ្រស្មាញជាខ្លាំង ហើយខិត្តិប័ណ្ណនេះ មិនបានពន្យល់លំអិត អំពីទិដ្ឋភាពទាំង នេះទេ ។ មន្រ្តីរបស់យើងខ្ញុំ មានការត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនូវសំណួរ បន្ថែមនានា ដែល ពាក់ព័ន្ធនឹងពន្ធដា ដែលលោកអ្នក អាចមានជាចម្ងល់ ។ មានមន្រ្តីរបស់យើងខ្ញុំ ជាច្រើន ដែលចេះនិយាយ ភាសាផ្សេង ក្រៅពីភាសាអង់គ្លេស ហើយបើមានការផ្តល់ដំណឹងទុកជាមុន យើងខ្ញុំនឹងត្រៀមលក្ខណៈឲ្យ បានរួចរាល់ ដើម្បីធានាថា មានបុគ្គលិកដែលចេះ និយាយភាសាដែលអ្នកប្រើ រង់ចាំជួយលោកអ្នក ។

លិខិតអនុញ្ញាតសំរាប់អ្នកលក់នៅរដ្ឋកាលីហ្វ័រញ៉ា

លិខិតអនុញ្ញាតសំរាប់អ្នកលក់ដូរនៅរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឲ្យអ្នកអាចលក់របស់របរ ក្នុងកំរិតជាអ្នកលក់ដុំ ឫលក់រាយ ហើយអាចចេញនូវប័ណ្ណអនុញ្ញាតឲ្យលក់ឡើងវិញ ដល់អ្នកផ្គត់ផ្គង់ (សូមអាន “លិខិតអនុញ្ញាតសំរាប់អ្នកលក់ដូរ និងប័ណ្ណលក់ឡើងវិញ“) ។ អ្នកនឹងបានទទួលនូវលិខិតអនុញ្ញាតសំរាប់អ្នកលក់ ពេលណាអ្នក បានចុះបញ្ជីរជាមួយ BOE ។ ជាទូទៅ អ្នកត្រូវតែចុះបញ្ជី ដើម្បីធ្វើជំនួញដោយស្របច្បាប់ នៅពេលអ្នកលក់ ឫជួលទំនិញ, យានយន្ត ឫចលនទ្រព្យដែលអាចប្តូរជាប្រាក់វិញបាន នៅរដ្ឋកាលីហ្វញ៉ា បើនេះគឺជាការ អនុញ្ញាតជាបណ្តោះអាសន្នក៏ដោយ ។ (លិខិតអនុញ្ញាតជាបណ្តោះអាសន្ន ត្រូវបានចេញឲ្យអ្នកលក់ ដែលមាន សកម្មភាពលក់មិនលើសពី 30ថ្ងៃ ដូចជាអ្នកលក់ដើមឈើបុណ្យណូអែល ឫឈ្មួញលក់សំភារៈសិប្បកម្ម ក្នុងពេលតាំងពីពណ៌) ។ សូមកត់ចំណាំថា លិខិតអនុញ្ញាតសំរាប់អ្នកលក់ របស់រដ្ឋកាលីហ្វ័រញ៉ា មិនបានផ្តល់ឲ្យ អ្នកនូវសិទ្ធិ, បុព្វសិទ្ធិ ឫឋានៈក្រោមច្បាប់មូលដ្ឋាន ច្បាប់រដ្ឋ ឫច្បាប់សហព័ន្ធ ផ្សេងទៀត ឡើយ ។

លិខិតអនុញ្ញាតសំរាប់អ្នកលក់ និងប័ណ្ណសំរាប់លក់ឡើងវិញ

បើទោះបីជា មនុស្សភាគច្រើនប្រើពាក្យ seller’s permit (ច្បាប់អនុញ្ញាតសំរាប់អ្នកលក់ដូរ) និង resale certificate (ប័ណ្ណសំរាប់លក់ឡើងវិញ) ជំនួសគ្នាបានក៏ដោយ ក៏ពាក្យទាំងពីរនេះមានន័យខុសគ្នាស្រឡះ ។ លិខិតអនុញ្ញាតសំរាប់អ្នកលក់ ត្រូវបានចេញឲ្យដោយភ្នាក់ងាររបស់យើងខ្ញុំ ហើយអនុញ្ញាតឲ្យអ្នកធ្វើការ លក់ដូរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បាន ។ ពេលអ្នកមានលិខិតអនុញ្ញាតសំរាប់អ្នកលក់ហើយ អ្នកអាចចេញប័ណ្ណសំរាប់លក់ឡើងវិញបាន ទៅឲ្យ អ្នកផ្គត់ផ្គង់របស់អ្នក ដើម្បីទិញរបស់របរ ដែលអ្នកនឹងយកទៅលក់ នៅក្នុងប្រតិបត្តិការជំនួញ របស់អ្នក ។ ការចេញប័ណ្ណសំរាប់លក់ឡើងវិញ អនុញ្ញាតឲ្យអ្នកអាចទិញរបស់របរទាំងនេះបាន ដោយមិនបាច់ បង់ពន្ធដល់អ្នកលក់ ។ លិខិតអនុញ្ញាតសំរាប់អ្នកលក់ មិនមែនជា buying permit (ច្បាប់អនុញ្ញាតសំរាប់ទិញ) ឡើយ ។ អ្នកនឹងនៅតែត្រូវបង់ពន្ធលើរាល់របស់របរសំរាប់ប្រើ ជាជាងរបស់សំរាប់លក់ ក្នុងមុខជំនួញ របស់អ្នក (ដូចជា សំភារៈការិយាល័យ) ។

ការដាក់ពាក្យសុំលិខិតអនុញ្ញាតសំរាប់អ្នកលក់

អ្នកអាចបានទទួលបែបបទសំរាប់ដាក់ពាក្យសុំ លិខិតអនុញ្ញាតសំរាប់លក់ ដោយការទាញ យកពីគេហទំព័រ របស់យើងខ្ញុំ ដោយការហៅទូរស័ព្ទមកកាន់ ផ្នែកពត៌មានអ្នកបង់ពន្ធ តាមរយៈលេខ 800-400-7115, ដោយការចូលមកកាន់ការិយាល័យប្រតិបត្តិការ ប្រចាំមូលដ្ឋាន ឫដោយការផ្ញើអ៊ីម៉េល ។ បើអ្នកដាក់ពាក្យសុំតាមរយៈការផ្ញើសំបុត្រ ជាធម្មតា អ្នកនឹងបានទទួលលិខិតអនុញ្ញាតក្នុងរវាងពី 7 ទៅ 14 ថ្ងៃ ។ បើអ្នកកាន់ពាក្យសុំ មកការិយាល័យ របស់យើងខ្ញុំដោយផ្ទាល់ ការិយាល័យប្រតិបត្តិការប្រចាំមូលដ្ឋាន របស់យើងខ្ញុំ អាចចេញច្បាប់អនុញ្ញាត ឲ្យអ្នកបាន នៅថ្ងៃដែលអ្នកមកតែម្តង ។ សូមប្រាកដថា អ្នកបានបំពេញ គ្រប់ចំណុចទាំងអស់នៅក្នុង ពាក្យសុំ, ចុះហត្ថលេខា, រួចហើយផ្ញើមកកាន់យើងខ្ញុំ រួមជាមួយនឹងសំណៅថតចម្លងនូវ ឯកសារនានា ដែលតម្រូវឲ្យ ដាក់មកជាមួយនឹងពាក្យសុំច្បាប់ ។
ដើម្បីបំពេញពាក្យសុំរបស់អ្នក ឲ្យចប់ស្រួលបួល អ្នកត្រូវតែផ្តល់នូវពត៌មានអំពីមុខជំនួញរបស់អ្នក, ដោយរួមទាំងពត៌មានលំអិតផ្នែកគណនី និងការប៉ាន់ប្រមាណលើប្រាក់ចំណូល ។ បើមុខជំនួញរបស់អ្នក ត្រូវទិញពីគេ អ្នកត្រូវតែប្រាប់ឈ្មោះម្ចាស់ដើមរបស់ជំនួញនេះ និងលេខនៃលិខិតអនុញ្ញាតសំរាប់អ្នកលក់ កាលពីមុន ។ ដើម្បីធានាថា អ្នកនឹងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលពីការលក់ ឫពន្ធប្រើហើយ ដែលម្ចាស់មុននៅជំពាក់រដ្ឋ អ្នកគួរតែសុំបញ្ជីជំរះពន្ធ ពីយើងខ្ញុំ នៅមុនពេលអ្នកសំរេចចិត្តទិញមុខជំនួញនោះ ។ ចំពោះលិខិតអនុញ្ញាត សំរាប់អ្នកលក់ គឺមិនចាំបាច់បង់ប្រាក់អ្វីឡើយ ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមប្រភេទនៃមុខ ជំនួញរបស់អ្នក និងចំនួនប៉ាន់ប្រមាណលើចំណូលពីការលក់ដែលជាប់ពន្ធ យើងខ្ញុំអាចស្នើសុំឲ្យអ្នកដាក់ ប្រាក់កក់សុវត្ថិភាពទុកជាមុន ។

កាតព្វកិច្ចរបស់អ្នកកាន់លិខិតអនុញ្ញាតសំរាប់អ្នកលក់

ពេលអ្នកមានលិខិតអនុញ្ញាតសំរាប់អ្នកលក់ អ្នកត្រូវតែ ៖

  • ឆ្លៀតពេលរៀនពីរបៀបអនុវត្តច្បាប់ពន្ធលើការលក់ និងច្បាប់ប្រាក់ពន្ធប្រើហើយ ក្នុងការប្រតិបត្តិការលើ មុខជំនួញរបស់អ្នក ។
  • រក្សាកំណត់ត្រាទុកឲ្យបានគ្រប់គ្រាន់នូវឯកសារអំពីការលក់ និងការទិញរបស់អ្នក (សូមអាន “ការរក្សាកំណត់ត្រា”) ។
  • ដាក់ជូននូវការបង់ពន្ធលើការលក់ ព្រមទាំងពន្ធប្រើត្រឡប់ ប្រចាំកំឡុងពេលនីមួយៗ ជាមួយនឹង BOE ។ BOE នឹងធ្វើការកំណត់នូវវដ្តនៃការបង់ពន្ធរបស់អ្នក ហើយណែនាំអ្នកឲ្យដាក់ជូននូវការបង់ពន្ធ ជាលក្ខណៈប្រចាំខែ, ប្រចាំត្រីមាស, ឫប្រចាំឆ្នាំ ។
  • បង់ពន្ធនៃប្រាក់ចំណូលពីការលក់ ឫពន្ធប្រើ ដែលដល់ពេលកំណត់ លើការលក់ និងការទិញ ។ (ចំណាំ ៖ ពេលអ្នកធ្វើការលក់ អ្នកអាចប្រមូលប្រាក់ពីអតិថិជនរបស់អ្នក នូវចំនួនទឹកប្រាក់ ដែលស្មើនឹង ចំនួនទឹកប្រាក់ដែលអ្នកជំពាក់ពន្ធ ។ ចំនួននេះ ជាធម្មតា គេសំដៅលើ sales tax (ចំនួនប្រាក់បង់ពន្ធលើប្រាក់ចំណូលពីការលក់) នៅលើបង្កាន់ដៃបង់ប្រាក់ ឫវិក្ក័យប័ត្រ) ។

ការរក្សាកំណត់ត្រា

អ្នកត្រូវរក្សាទុកនូវកំណត់ត្រារបស់អ្នក ដែលចាំបាច់សំរាប់កំណត់ ចំនួនប្រាក់ដែលត្រូវបង់ពន្ធ នៅក្រោម ច្បាប់ពន្ធលើការលក់ និងច្បាប់ពន្ធដែលប្រើ ដូចជា ៖

  • សៀវភៅបញ្ជី ដែលបង្ហាញដោយសង្ខេបអំពីប្រាក់ចំណូល និងការចំណាយរបស់អ្នក (ដូចជា បញ្ជីកត់ត្រាចេញចូលទូទៅ និងទិនានុប្បវត្តិរបស់អ្នក) ។ ពត៌មានទាំងនេះ អាចត្រូវរក្សាទុកក្នុងម៉ាស៊ីនកុំព្យូទ័រ ។
  • ឯកសារនៃការកត់ត្រាប្រាក់ចំណូលដើម (ដូចជា ប័ណ្ណទារប្រាក់, បង្កាន់ដៃបង់ប្រាក់, វិក្ក័យប័ត្រ, ប័ណ្ណបញ្ជាទិញ, កិច្ចសន្យា, ឫឯកសារផ្សេងៗទៀត) ដែលជាភស្តុតាងលើការ កត់ត្រាបញ្ចូលនៅក្នុង សៀវភៅបញ្ជីរបស់អ្នក ។
  • ឯកសារ និងបែបបទដែលប្រើរៀបចំ លើប្រាក់ពន្ធត្រឡប់របស់អ្នក ។
  • ប័ណ្ណលក់ឡើងវិញណាមួយ ដែលអ្នកបានទទួលពីអតិថិជនរបស់អ្នក ។ កំណត់ត្រារបស់អ្នក ត្រូវតែបង្ហាញនូវ ៖
  • បង្កាន់ដៃសរុបពីចំណូលទាំងអស់ នៃមុខជំនួញ ដោយរួមទាំងចំណូលពីការលក់ និងការជួល នៃ ទំនិញ -- រួមទាំងប្រាក់ចំណូលដែលអ្នកគិតថា អាចជាការលើកលែងពន្ធ ។
  • គ្រប់ចំនួនទឹកប្រាក់នៃការកាត់ ដែលអ្នកបានទារលើការបង់ពន្ធត្រឡប់របស់អ្នក ។
  • សរុបនៃចំនួនទិញលើរបស់ទាំងអស់ ដែលបានទិញ សំរាប់យកមកលក់ ឫយកមកជួល ឫសំរាប់យក មកប្រើដោយខ្លួនឯង ។

ជាទូទៅ អ្នកត្រូវតែរក្សាទុកនូវកំណត់ត្រាចំនួនប្រាក់បង់ពន្ធពីការលក់ និងចំនួនប្រាក់ពន្ធដែលប្រើ ឲ្យបានយ៉ាង ហោចណាស់ ចំនួនបួនឆ្នាំ ។

តម្រូវការមួយចំនួនផ្សេងទៀត សំរាប់មុខជំនួញរបស់អ្នក

បន្ថែមពីលើការចុះឈ្មោះលើការអនុញ្ញាតសំរាប់អ្នកលក់ អ្នកអាចត្រូវចុះឈ្មោះលើកម្មវិធីសំរាប់ពន្ធ និងតម្លៃ ផ្សេងទៀត ដែលយើងខ្ញុំមើលការខុសត្រូវ (ដូចជា ថ្លៃកង់ឡានរដ្ឋកាលីហ្វ័រញ៉ា, ថ្លៃការធ្វើនិស្សរណកម្មលើ កាកសំណល់អេឡិចត្រូនិច ឫកម្មវិធីអាជ្ញាប័ណ្ណលើបារី និងថ្នាំជក់) ។ អ្នកក៏អាច ត្រូវតែរកនូវអាជ្ញាប័ណ្ណ ការអនុញ្ញាត ឫឯកសារ ផ្សេងទៀតដើម្បីធ្វើប្រតិបត្តិការលើមុខជំនួញរបស់អ្នក ។ សភាពាណិជ្ជកម្ម, អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអង្គការពាណិជ្ជកម្ម គឺជាប្រភពដ៏ល្អដែលអ្នកអាចរកពត៌មាន ទាំងនេះបាន ។ ជាញយៗ នាយកដ្ឋានផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្ម នៃក្រុង ឫស្រុក អាចជួយអ្នកបាន ឫមួយ អ្នកអាចហៅទូរស័ព្ទមកកាន់យើងខ្ញុំ ដើម្បីរកជំនួយ ។

សិទ្ធិតស៊ូមតិរបស់អ្នកបង់ពន្ធ

ក្នុងនាមជាអ្នកបង់ពន្ធឲ្យរដ្ឋកាលីហ្វ័រញ៉ា អ្នកមានសិទ្ធិមួយចំនួនធំ ដូចជា សិទ្ធិរក្សាការសម្ងាត់, សិទ្ធិស្មើភាព គ្នា និងសិទ្ធិប្តឹងតវ៉ាចំពោះសកម្មភាពដែលយើងខ្ញុំបានធ្វើចំពោះអ្នក ។ បើអ្នកមិនអាចដោះស្រាយនូវទំនាស់ ជាមួយមន្ត្រី BOE ណាមួយ ឫបើអ្នកមានបំណងចង់ដឹងបន្ថែមអំពីសិទ្ធិរបស់អ្នក ក្រោមច្បាប់បង់ពន្ធ ឫកម្មវិធី បង់តម្លៃណាមួយ ដែលគ្រប់គ្រង ដោយ BOE អ្នកអាចហៅទូរស័ព្ទទៅកាន់ ការិយាល័យសិទ្ធិតស៊ូមតិ របស់អ្នកបង់ពន្ធ ទៅកាន់លេខ 888-324-2798 ដោយមិនបាច់អស់ប្រាក់ឡើយ ។

សំរាប់ពត៌មានបន្ថែម

ក្នុងករណីអ្នកត្រូវការជំនួយផ្នែកបកប្រែភាសា សូមហៅទូរស័ព្ទទៅកាន់ ការិយាល័យ BOE ថ្នាក់ស្រុកដែលនៅជិតអ្នកជាទីបំផុត ។ យើងខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាព ក្នុងការធ្វើឲ្យអ្នក បាននិយាយជាមួយនឹងមន្ត្រី BOE ដែលចេះនិយាយភាសារបស់អ្នក ។ បើអ្នកចង់ប្រើអ្នកបកប្រែផ្ទាល់ខ្លួន ជាការពិតណាស់ អ្នកអាចប្រើ ប្រាស់បាន ។ ក្នុងគ្រប់ករណីទាំងអស់ យើងខ្ញុំនឹងព្យាយាមឲ្យបានគ្រប់វិធីទាំងអស់ ក្នុងការធ្វើទំនាក់ទំនង ជាមួយរូបអ្នក ឲ្យបានច្បាស់លាស់ល្អ ។ បើអ្នកមានដំបូន្មាន លើវិធីកែលំអសេវារបស់យើងខ្ញុំ សូមមេត្តាប្រាប់ ឲ្យយើងខ្ញុំបានដឹង ។

ចំណាំ ៖ នេះ ជាសេចក្តីសង្ខេបអំពីច្បាប់ និងបញ្ញតិ្តនានាដែលមានជាធរមាន ក្នុងពេលដែល វាត្រូវបានសរសេរឡើង ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនានានៃច្បាប់ ឫបទបញ្ញត្តិ នានា អាចកើតឡើងតាំងពីពេលបោះពុម្ពផ្សាយនេះម្លេះ ។ ប្រសិនបើមានភាពផ្ទុយគ្នា រវាងខ្លឹមសារ នេះ នឹងខ្លឹមសារនៅក្នុងច្បាប់ ការសំរេចចិត្តនឹងត្រូវធ្វើឡើង ដោយផ្អែកលើច្បាប់ជាគោល គឺមិនមែនពឹងផ្អែកលើ ខ្លឹមសារនៃច្បាបើ ។